Canva ទិញយកកម្មវិធី Affinity ដើម្បីប្រជែងជាមួយ Adobe

បណ្ដុំកម្មវិធី Affinity Suite ដែលក្នុងនោះរួមមាន Affinity Photo, Affinity Designer និង Affinity Publisher ត្រូវបានគេស្គាល់ថាជាគូប្រជែងដ៏ខ្លាំងមួយសម្រាប់ Adobe Creative Cloud Suite។ ពេលនេះដែរ ក្រុមហ៊ុននៅពីក្រោយកម្មវិធីនេះឈ្មោះថា Serif ត្រូវបានទិញយកដោយ Canva ក្នុងការជួញដូរទំហំរាប់សិបលានដុល្លារ។ ដំណឹងនេះត្រូវបានបញ្ជាក់ទាំងដោយក្រុមហ៊ុន Serif និង Canva ដោយផ្អែកតាម Canva ការទិញយកនេះគឺនឹងជួយពន្លឿនមហិច្ឆតារបស់ Canva ក៏ដូចជាបើកទំព័រថ្មីសម្រាប់អ្នកឌីហ្សាញអាជីពផងដែរ។ Affinity Suite នាពេលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៣លាននាក់នៅជុំវិញពិភពលោក។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការជាច្រើន និងបានឈ្នះពានរង្វាន់ល្បីៗដូចជាពានរង្វាន់ Apple Design Award និងពានរង្វាន់ Apple App of the Year for Mac and iPad ផងដែរ៕